គិតត្រឹមឆ្នាំ២០១០ ប្រទេសកម្ពុជាជំពាក់បំណុលគេចំនួនជាង៣០០០លានដុល្លារគិតទាំងបំណុលចាស់ឬស្មើនឹង២៩ភាគរយនៃផលិតផលក្នុងស្រុកសរុប(ផ.ស.ស)។ នេះបើយោងតាមការប្រកាសឲ្យដឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងរបាយការណ៍ស្តីពីស្ថានភាពបំណុលរបស់កម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានពន្យល់អំពីគោលការណ៍គ្រប់គ្រង និងប្រើប្រាស់បំណុលបរទេសផងដែរ។ គណបក្សប្រឆាំងបានសម្តែងក្តីបារម្ភអំពីការកើនឡើងនៃបំណុលរបស់កម្ពុជា។
កម្ពុជាជំពាក់បំណុលបរទេសជាង ៣៣០០ លានដុល្លារ
|
គិតត្រឹមដំណាច់ឆ្នាំ ២០១០ កម្ពុជាមានសន្និធិបំណុលថ្មីសរុបប្រមាណ ២ ៥៣០ លានដុល្លារស្មើនឹង ២២,៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (ផសស)។ បើគិតទាំងបំណុលចាស់ដែលកំពុងដោះស្រាយផង បំណុលកម្ពុជាមានសរុបជិត ៣ ៣០០ លានដុល្លារអាមេរិក ឬស្មើនឹង២៩ភាគរយនៃ ផ.ស.ស។ នេះបើយោងតាម សេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១១ ដែលកាសែតក្នុងស្រុកមួយ ស្និទ្ធនឹងរដ្ឋាភិបាលលើកយកមកចុះផ្សាយនៅថ្ងៃនេះ។
ក្រសួងសេដ្ឋកិច្ចក៏បានឲ្យដឹងទៀតថា ដើម្បីគ្រប់គ្រងបំណុលសាធារណៈឬ ការខ្ចីរបស់រដ្ឋ រដ្ឋាភិបាលបានដាក់ចេញគោលការណ៍គន្លឹះ៤យ៉ាងគឺ ទី១-ត្រូវខ្ចីបំណុលគេក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន ទី២-ត្រូវខ្ចីតែឥណទានដែលមានកំរិតសម្បទានខ្ពស់ ទី៣-ត្រូវខ្ចីសំរាប់តែវិស័យអាទិភាពដែលទ្រទ្រង់ចីរភាពកំណើន និងបង្កើតផលិតភាពសេដ្ឋកិច្ច និង ៤-ត្រូវប្រើប្រាស់ឥណទានទាំងនោះប្រកបដោយតម្លាភាពនិងមានប្រសិទ្ធិភាពខ្ពស់បំផុត។
ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំអនុញ្ញាតឲ្យរដ្ឋាភិបាលខ្ចីប្រាក់បរទេសក្នុងទំហំដែលសេដ្ឋកិច្ចអាចទ្រទ្រង់បាន។ ជាក់ស្ដែងចាប់តាំងពី ឆ្នាំ១៩៩២ដល់ឆ្នាំ២០០៨ កម្ពុជាមានលទ្ធភាពខ្ចីឥណទានសម្បទានត្រឹម២០០លានSDR ក្នុង១ឆ្នាំ។ ប៉ុន្តែ ដោយសារសេដ្ឋកិច្ចកម្ពុជាបានស្ទុះឡើងក្នុងកំណើនខ្ពស់ ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១១ កម្ពុជាមានលទ្ធភាពខ្ចីរហូតដល់៤០០លាន SDR ក្នុង១ឆ្នាំ។ នៅឆ្នាំ២០១២ រដ្ឋាភិបាលកម្ពុជាបានព្យាករថា នឹងមានលទ្ធភាពខ្ចីរហូតដល់៧០០លាន SDR។ របាយការណ៍ដដែលបានឲ្យដឹងថា ដើម្បីទ្រទ្រង់ចីរភាពកំណើនឲ្យបានក្នុងរង្វង់ពី៦ទៅ៧ភាគរយ និងកាត់បន្ថយភាពក្រីក្រឲ្យបានជាង១ភាគរយក្នុង១ឆ្នាំ កម្ពុជាចាំបាច់ត្រូវវិនិយោគឲ្យបានជាង២០ភាគរយនៃផលិតផលក្នុងស្រុកសរុប។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្តថា រដ្ឋាភិបាលបាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសំដៅធ្វើឲ្យថវិកាជាតិក្លាយជាឧបករណ៍អភិវឌ្ឍន៍ដ៏មានប្រសិទ្ធិភាព។
យ៉ាងណាក៏ដោយគណបក្សប្រឆាំងតែងបានរិះគន់អំពីការកើនឡើងនៃបំណុលសាធារណៈ និងបានសម្តែងការព្រួយបារម្ភថា កម្ពុជានឹងមានវិបត្តិបំណុលទៅថ្ងៃអនាគត ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពន្យល់តបថា បំណុលរបស់កម្ពុជាស្ថិតក្នុងកម្រិតមួយមិនខ្ពស់ឡើយ។ ម្យ៉ាងទៀត ម្ចាស់បំណុលបរទេសនៅតែបន្តឲ្យកម្ពុជាខ្ចីដោយគ្មានការព្រួយបារម្ភ៕
0 comments:
Post a Comment